សហគ្រិនខ្មែរ រួមជាមួយ OBOR និងគ្រឹះស្ថានហិរញ្ញវត្ថចំនួន៥ ដំណើរការកម្មវិធីត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគ សម្រាប់ SME
- 2022-02-02 03:20:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហគ្រិនខ្មែរ រួមជាមួយ OBOR និងគ្រឹះស្ថានហិរញ្ញវត្ថចំនួន៥ ដំណើរការកម្មវិធីត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគ សម្រាប់ SME
ចន្លោះមិនឃើញ
រាជធានីភ្នំពេញ ៖ សហគ្រិនខ្មែរ ក្រុមហ៊ុន OBOR និង ស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា (រួមមាន ធនាគារ ABA គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) ធនាគារ វីង (Wing) ធនាគារសហគ្រាសធុនតូចនិងមធ្យម (SME Bank) និងធនាគារ អេស៊ីលីដា (ACLEDA) បានជួបជុំគ្នាកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ ដើម្បីសម្ពោធកម្មវិធី «ត្រៀមខ្លូនដើម្បីទទួលបានការវិនិយោគសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា» (Cambodia SME Investment Readiness (IR) Programme) ដែលនឹងផ្តោតលើការកំណត់អត្តសញ្ញាណ និងទំហំនៃសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេស ដើម្បីឱ្យពួកគេបង្កើនលទ្ធភាពក្នុងការពង្រីកដើមទុន។
ចុចចូលរួមក្នុង Telegram របស់ Sabay Business តាមរយៈ៖ https://t.me/SabayNewsBusiness
ក្នុងនាមជាស្ថាប័នក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរ ផ្តល់ការគាំទ្រដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនឲ្យមានប្រសិទ្ធិភាពនៅកម្ពុជា។ សសរស្តមមួយ ក្នុងចំណោមសសរស្តមនានារបស់សហគ្រិនខ្មែរ គឺ បង្កើនឱកាសនៃការទទួលបានការគាំទ្រថវិកា សម្រាប់សហគ្រាសធុនតូចនិងមធ្យម ហើយកម្មវិធី «ត្រៀមខ្លូនដើម្បីទទួលបានការវិនិយោគសម្រាប់សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា» នេះនឹងធ្វើឱ្យសម្រេចបាននូវគោលដៅរបស់ សហគ្រិនខ្មែរ។
លោកឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិរបស់ «សហគ្រិនខ្មែរ» បានថ្លែងថា៖ «ការឧបត្ថម្ភរបស់ស្ថាប័នធនាគារនៅក្នុងកម្មវិធីនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធផ្សេងៗគ្នានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិន ដើម្បីបង្កើនលទ្ធភាពក្នុងការទទួលបានការគាំទ្រហិរញ្ញវត្ថុ សម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ហើយ សហគ្រិនខ្មែរ មានក្តីសោមនស្សរីករាយដែលបានក្លាយជាចលករមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងបែបនេះ»។
លោក គា បូរ៉ាន់ នាយកប្រតិបត្តិរបស់ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK» បានលើកឡើងថា៖ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK មានមោទនភាពក្នុងការគាំទ្រដល់កំណើន នៃសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមដ៏អស្ចារ្យនេះ បន្ថែមពីលើសេវាកម្មហិរញ្ញវត្ថុ ច្រើនទម្រង់របស់យើងដែលយើងបានផ្តល់ជូនដល់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។»
ចាប់តាំងពីបើកដំណើរការនៅខែធ្នូ ឆ្នាំ ២០២១ មក កម្មវិធី SME IR បានទទួលពាក្យស្នើសុំចូលរួមពីសហគ្រាសធុនតូច និងមធ្យមយ៉ាងសន្ធឹកសន្ធាប់លើសពីការរំពឹងទុក។ កម្មវិធីទទួលបានពាក្យស្នើសុំជាង ៧០ ដែលក្នុងនោះ កម្មវិធីនឹងជ្រើសរើសយកតែ ២៥សហគ្រាសតែប៉ុណ្ណោះ។
សហគ្រាសធុនតូច និងមធ្យមដែលបានដាក់ពាក្យស្នើសុំ ត្រូវតែឆ្លើយតបទៅនឹង លក្ខខ័ណ្ឌចាំបាច់មួយគឺរកប្រាក់ចំណូលប្រចាំឆ្នាំបានលើសពី១០ម៉ឺនដុល្លារអាមេរិច ទើបមានលក្ខណៈវិនិច្ឆ័យជាសហគ្រាសដែលមានភាពចាស់ទុំ និងទទួលបានការពិចារណាថាមានសមត្ថភាពបង្កើនដើមទុន ដើម្បីឈានទៅដំណាក់កាលបន្ទាប់ក្នុងមុខរបរអាជីវកម្មរបស់ពួកគេ។
លោក Igor Zimarev ប្រធានផ្នែកទីផ្សាររបស់ «ធនាគារ ABA» លើកឡើងថា៖ «ការទទួលបានចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ គឺសំខាន់ណាស់សម្រាប់ការលូតលាស់ដោយចីរភាពនៃសហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី។ ធនាគារ ABA ពិតជាមានក្តីសោមនស្សរីករាយក្នុងការចូលរួមចំណែកក្នុងកម្មវិធី SME IR ជាមួយ «សហគ្រិនខ្មែរ» ក្នុងការអនុវត្តកម្មវិធីជាមួយ OBOR ដើម្បីបង្កើតឱកាសនិងជួយដល់សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាធុរកិច្ចបង្កើតថ្មី និងជួយដល់សហគ្រិនឲ្យរីកចម្រើន។ តាមរយៈការឧបត្ថម្ភនេះ ធនាគារ ABA បន្តបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូចនិងមធ្យម ដែលជាធាតុផ្សំដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេលវែង»។
លោក Han Peng Kwang នាយកប្រតិបត្តិរបស់ «ធនាគារ វីង» បានលើកឡើងថា៖ «សហគ្រាសធុនតូចនិងមធ្យមដើរតួនាទីសំខាន់ក្នុងកំណើនសេដ្ឋកិច្ចជាតិ។ ពួកគេបង្កើតការងារសម្រាប់សហគមន៍, គាំទ្រក្រុមហ៊ុនធំៗ និងប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់ពួកគេដើម្បីដោះស្រាយបញ្ហានៅក្នុងសហគមន៍។ ការវិនិយោគលើសហគ្រាសធុនតូចនិងមធ្យម ជួយដល់ការលូតលាស់របស់សហគមន៍»។ លោកបន្ថែមទៀតថា៖ «កម្មវិធី SME IR នឹងពង្រឹងសហគ្រាសធុនតូចនិងមធ្យមដែលចូលរួមជាមួយ ដោយចែករំលែកនូវចំណេះដឹងចាំបាច់ដែលអាចជួយអាជីវកម្មរបស់ពួកគេឱ្យទទួលបានភាពជោគជ័យជាងមុន»។
កម្មវិធី SME IR នឹងចាប់ផ្តើមការបណ្តុះបណ្តាលរបស់ខ្លួននៅដើមខែកុម្ភៈ ឆ្នាំ ២០២២នេះ សម្រាប់សហគ្រាសធុនតូច និងមធ្យមចំនួន ២៥ ដែលត្រូវបានជ្រើសរើស។ សិក្ខាសាលាមានរយៈពេលពី ២០ ដល់ ២៥ម៉ោង នឹងបណ្តុះបណ្តាលអំពីតម្រូវការវិនិយោគិន គម្រោងអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ។
បន្ទាប់មក នៅជុំទីពីរ គម្រោងនឹងជ្រើសរើសសហគ្រាសធុនតូចនិងមធ្យមចំនួន៥ ដែលពួកគេនឹងទទួលបានការប្រឹក្សាផ្នែកហិរញ្ញវត្ថុ ១ទល់នឹង១ ដែលរៀបចំឡើងដើម្បីជួយពួកគេឲ្យសម្រេចគោលដៅបង្កើនដើមទុនអាជីវកម្ម។ ទន្ទឹមនឹងការបង្កើនដើមទុន ធនាគារ ABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ធនាគារ វីង និង ធនាគារ សហគ្រាសធុនតូចនិងមធ្យម ក៏បានរួមគ្នាបង្កើតកញ្ចប់ប្រាក់រង្វាន់ចំនួន ១៥,០០០ ដុល្លារ ដែលនឹងផ្តល់ជូនដល់សហគ្រាសដែលឈានមុខគេ។
លោក លឹម អូន នាយកប្រតិបត្តិរបស់ «ធនាគារសហគ្រាសធុនតូចនិងមធ្យមនៃកម្ពុជា» មានប្រសាសន៍ថា៖ «ធនាគារសហគ្រាសធុនតូចនិងមធ្យម មានក្តីសោមនស្សរីករាយក្នុងការជួយដល់កម្មវិធី SME IR។ នេះជាកម្មវិធីដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើការលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីទទួលបានការវិនិយោគពីដៃគូហិរញ្ញវត្ថុ និងពង្រីកអាជីវកម្មរបស់ពួកគេ»។
OBOR ជាមូលនិធិបណ្តាក់ទុនឈានមុខរបស់កម្ពុជា ដែលត្រូវបានចាត់តាំងជាអ្នកអនុវត្ត កម្មវិធី SME IR ។ OBOR ចាត់ទុកកម្មវិធីនេះជាវេទិកាមួយដើម្បីលើកកម្ពស់បំណងប្រាថ្នារបស់ខ្លួនក្នុងការក្លាយជាអ្នកជំរុញនិងលើកទឹកចិត្តវិនិយោគិន ក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមនៅព្រះរាជាណចក្រកម្ពុជា។ OBOR ផ្តោតលើវិស័យសំខាន់ៗដូចជា ការគ្រប់គ្រងកាកសំណល់ ទឹកស្អាត ថាមពល និងកសិកម្ម។
លោក Shivam Tripathi នាយកប្រតិបត្តិ «ក្រុមហ៊ុន OBOR» ថ្លែងថា៖ «ការស្វែងរកហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូចនិងមធ្យម គឺជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ យើងមានក្តីរំភើបដែលបានធ្វើការជាមួយ «សហគ្រិនខ្មែរ» ដើម្បីនាំយកសហគ្រាសធុនតូច និងមធ្យមបន្ថែមទៀតទៅកាន់ដំណាក់កាលគ្រប់លក្ខណៈសម្បត្តិសម្រាប់ទទួលបានការ វិនិយោគ។ ជាមួយនឹងកម្មវិធីនេះ យើងមានបំណងបង្កើតគំរូមួយដែលអាចប្រើប្រាស់សម្រាប់ជួយសហគ្រាសធុនតូចនិងមធ្យមផ្សេងទៀត ក្នុងការពង្រឹងខ្លួនទៅរកដំណាក់កាលគ្រប់ លក្ខណៈសម្បត្តិសម្រាប់ទទួលបានការវិនិយោគ»៕