រដូវចូលឆ្នាំចិន កម្ពុជា ស្រូបទាញភ្ញៀវទេសចរជិត១,៣លាននាក់ទូទាំងប្រទេស

  • 2022-02-08 03:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅត្រឹមចុងសប្តាហ៍ទី១ ក្នុងខែកុម្ភៈឆ្នាំ២០២២នេះ កម្ពុជា បានទទួលភ្ញៀវទេសចរសរុបរហូតដល់ទៅ៣៤ម៉ឺននាក់ ហើយបើបូកទាំងពេលចូលឆ្នាំចិន ទៀត មានជិត១,៣លាននាក់។ នេះបើយោងទៅតាមការបញ្ជាក់របស់លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។

រូប​ថត​ពី Facebook ក្រសួង​ទេសចរណ៍

សម្រាប់សប្តាហ៍ទី១ នៃខែកុម្ភៈ ឆ្នាំ២០២២ ភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប៣៤៤,៥៤៧នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣៣៤,៨៥៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៩,៦៨៨នាក់។

ជាមួយគ្នានេះ លោកថោង ខុន បានបញ្ជាក់បន្ថែមនៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់ក្រសួងទេសចរណ៍ថា គោលដៅសំខាន់ៗដែលស្រូបទាញភ្ញៀវទេសចរច្រើនជាងគេអំឡុងរដូវចូលឆ្នាំចិននេះ គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ស្របពេលដែលខេត្តបាត់ដំបង កំពត កោះកុង ពោធិ៍សាត់ មណ្ឌលគិរី និងសៀមរាប ក៏ទទួលបានភ្ញៀវគួរឲ្យកត់សម្គាល់ផងដែរ។

លោកថោង ខុន មានប្រសាសន៍ថា៖ «សរុបទាំងពិធីបុណ្យចូលឆ្នាំចិនបូករួមទាំងចុងសប្តាហ៍នេះ ភ្ញៀវសរុបទូទាំងប្រទេសមានចំនួន១,២៩២,០៤៤នាក់»។

លោកបានបន្តទៀតថា ចំនួនភ្ញៀវទេសចរជិត១.៣លាននាក់ ក្នុងរយៈពេលមួយសប្តាហ៍នេះ ជាចំនួនដ៏ច្រើនសម្បើមមួយទៀតសម្រាប់ដើមឆ្នាំ២០២២នេះ បន្ទាប់ពីចរន្តភ្ញៀវទេសចរប្រមាណ២លាននាក់នាឱកាសឆ្លងឆ្នាំសកលកន្លងមក ខណៈដែលកាលពីឆ្នាំ២០២១ ពិធីបុណ្យភ្ជុំបិណ្ឌទទួលបានភ្ញៀវសរុប្រមាណជាង៦៦ម៉ឺននាក់ ហើយកាលពីព្រះរាជពិធីបុណ្យអុំទូកមានភ្ញៀវសរុបប្រមាណជាង៩១ម៉ឺននាក់។

ទោះបីមិនថ្ងៃឈប់សម្រាកផ្លូវការ ប៉ុន្តែលំហូរភ្ញៀវទេសចរពេញមួយសប្តាហ៍នេះ បង្កើតបានជាចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសម្រាប់វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ខណៈដែលប្រតិបត្តិករទេសចរណ៍នានាបានបន្តប្រមើលមើលពីកាលានុវត្តភាពនៃការងើបឡើងដ៏រហ័សនៃវិស័យទេសចរណ៍ ពិសេសសម្រាប់ឆ្នាំ២០២២នេះតែម្តង។

ទន្ទឹមនឹងនេះ ចរន្តភ្ញៀវដ៏ផុសផលនេះក៏បានបង្ហាញផងដែរថា មូលដ្ឋានអាជីវកម្ម ផ្នែកឯកជន និងអ្នករកទទួលទានក្នុងវិស័យទេសចរណ៍ បានត្រៀមខ្លួនរួចរាល់សម្រាប់ចូលរួមស្តារ និងលើកកម្ពស់វិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ ១៩ តាមរយៈការរៀបចំ និងកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ក៏ដូចជាដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិជាបណ្តើរៗផងដែរ។

ទោះបីចំនួនភ្ញៀវមានសន្ទុះខ្លាំងក្នុងរយៈពេលមួយសប្តាហ៍នេះ ប៉ុន្តែសភាពការណ៍ទូទៅជារួម ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងតម្លៃសេវា និងផលិតផល ព្រមទាំងការអនុវត្តវិធានការនានាទប់ស្កាត់ជំងឺកូវីដ ១៩ មានភាពល្អប្រសើរច្រើន។

ជាការវាយតម្លៃ វិស័យទេសចរណ៍កម្ពុជាបានកំពុងស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញដ៏ឆាប់រហ័ស តាមរយៈលំហូរទេសចរណ៍ផ្ទៃក្នុង ដែលអាចសម្រេចទៅបានក្រោមវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ ពិសេសការជំរុញការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងជនបរទេស ដែលបានធ្វើឲ្យកម្ពុជាកំពុងបោះជំហានឈានមុខក្នុងការបើកដំណើរការឡើងវិញពេញលេញលើគ្រប់វិស័យសេដ្ឋកិច្ច និងសង្គម៕

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី