កម្ពុជា បន្តលើកលែងពន្ធលើអាជីវកម្មដែលបម្រើឲ្យទេសចរណ៍រយៈពេល៦ខែទៀត
- 2022-02-10 02:47:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា បន្តលើកលែងពន្ធលើអាជីវកម្មដែលបម្រើឲ្យទេសចរណ៍រយៈពេល៦ខែទៀត
ចន្លោះមិនឃើញ
កាលពីថ្ងៃពុធ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្តការលើកលែងការបង់ពន្ធប្រចាំខែដល់អាជីវកម្ម និងស្ថាប័ននានាដែលពាក់ព័ន្ធនឹងទេសចរណ៍ សម្រាប់ឆមាសទី១ ក្នុងឆ្នាំ២០២២ ពោលគឺចាប់ពីខែមករា រហូតដល់ខែមិថុនា ដើម្បីចូលរួមស្តារសកម្មភាពអាជីវកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍ ដែលរងនូវផលប៉ះពាល់ដោយសារតែវិបត្តិកូវីដ ១៩។
ដើម្បីបានព័ត៌មានសំខាន់ៗ ចុចចូលក្នុង Telegram៖ https://t.me/SabayNewsBusiness
នៅក្នុងសេចក្តីសម្រេចចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលត្រូវបានចុះហត្ថលេខារួមគ្នាដោយលោកអូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា៖ «បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់ឆមាសទី១ ឆ្នាំ២០២២»។
សេចក្តីសម្រេចដដែល បានសរសេរទៀតថា៖ «ករណីមានបំណុលពន្ធសល់មុនវិបត្តិកូវីដ ១៩ ចំពោះប្រតិបត្តិការក្នុងវិស័យទេសចរណ៍សម្រាប់ខេត្តដទៃទៀត ត្រូវពន្យារពេលការចុះធ្វើសវនកម្មនៅក្នុងឆ្នាំ២០២១»។
ប៉ុន្តែ ទោះបីជាយ៉ាងណា អាជីវម្មដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នៅតែមានកតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ អំឡុងពេលនៃការលើកលែងនេះ។
ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា ក៏បានបន្តការលើកលែងការបង់ពន្ធប៉ាតង់ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ដទៃទៀតសម្រាប់ឆ្នាំ២០២២ ផងដែរ ប៉ុន្តែ អ្នកជាប់ពន្ធទាំងនេះ មានការតព្វកិច្ចត្រូវធ្វើបច្ចុប្បន្នភាពប៉ាតង់។
វិស័យទេសចរណ៍ គឺជាសរសរស្តម្ភមួយក្នុងចំណោមសរសរស្តម្ភទាំង៤ រួមមាន វិស័យកាត់ដេរ កសិកម្ម និងសំណង់ ដែលជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។
វិស័យនេះ ត្រូវបានរំពឹងទុកថា នឹងស្តារឡើងវិញក្នុងឆ្នាំ២០២២ ក្រោយពីបានធ្លាក់ចុះយ៉ាងគំហុកអស់រយៈពេល២ឆ្នាំ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩។
យ៉ាងណាមិញ កម្ពុជា បានបើកទ្វារទទួលភ្ញៀវទេសចរណ៍ដែលបានចាកវ៉ាក់សាំងពេញលេញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន មកម្ល៉េះ ក្រោយពីប្រជាពលរដ្ឋស្ទើរតែទូទាំងប្រទេស ត្រូវបានចាក់វ៉ាក់សាំងការពារកូវីដ ១៩ គ្រប់ដូសរួចរាល់៕