Facebook ដាកឲ្យដំណើរការកម្មវិធី Reels ជាសកល ដើម្បីប្រកួតប្រជែងជាមួយ TikTok
- 2022-02-23 04:37:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook ដាកឲ្យដំណើរការកម្មវិធី Reels ជាសកល ដើម្បីប្រកួតប្រជែងជាមួយ TikTok
ចន្លោះមិនឃើញ
ក្រុមហ៊ុន Meta បានបញ្ជាក់កាលពីថ្ងៃអង្គារថា Facebook កំពុងតែដាក់ឲ្យដំណើរការកម្មវិធីវីដេអូខ្លី Reels ទៅកាន់ប្រទេសច្រើនជាង១៥០ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកទម្រង់មាតិកាដែលំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សបំផុតរបស់ខ្លួន។
ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ ដែលកាលពីពេលថ្មីៗនេះ ទើបតែបាត់បង់តម្លៃទីផ្សាររបស់ខ្លួនចំនួនមួយភាគបី ក្រោយពីការចេញផ្សាយរបាយការណ៍ដែលបង្ហាញពីការធ្លាក់ចុះចំណូលយ៉ាងគំហុក បានចាត់ទុកកម្មវិធី Reels គឺជាចំណុចអាទិភពដ៏សំខាន់។
ក្រុមហ៊ុន Meta បានដាក់ឲ្យដំណើរការកម្មវិធី Reels នៅលើបណ្តាញសង្គម Instagram ក្នុងឆ្នាំ២០២០ និងលើ Facebook ក្នុងឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងកម្មវិធីវីដេអូខ្លីដ៏មានប្រជាប្រិយភាព TikTok ដែលស្ថិតក្រោមកម្មសិទ្ធិក្រុមហ៊ុនចិន ByteDance។
លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បានបង្ហោះសារនៅលើ Facebook កាលពីថ្ងៃអង្គារថា៖ «Reels គឺជាទម្រង់មាតិកាដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សរបស់យើង ហើយនៅថ្ងៃនេះ យើងកំពុងតែដាក់ឲ្យគ្រប់គ្នាប្រើប្រាស់កម្មវិធីនេះនៅលើ Facebook ទូទាំងសកល»។
ក្រុមហ៊ុននេះ ដែលបង្ហើបថា បច្ចុប្បន្ន វីដេអូ ទាញយកពេលពាក់កណ្តាលក្នុងចំណោមពេលវេលាសរុបដែលអ្នកប្រើប្រាស់ ចំណាយលើ Facebook នោះ ក៏បានប្រកាសពីមធ្យោបាយថ្មីៗ សម្រាប់អ្នកបង្កើតមាតិកា ដើម្បីរកប្រាក់ តាមរយៈកម្មវិធី Reels ផងដែរ។
ក្រុមហ៊ុន Meta បានឲ្យដឹងថា ខ្លួនកំពុងតែរីកកម្មវិធីរបស់ខ្លួន ដើម្បីផ្តល់ប្រាក់ឧត្ថម្ភដល់អ្នកបង្កើតមាតិកា ទៅកាន់ប្រទេសជាច្រើនបន្ថែមទៀត និងកំពុងតែធ្វើតេស្តលើពាណិជ្ជកម្មរបស់ខ្លួន តាមរយៈការប្រើប្រាស់បដារ និងស្ទីកឃើនានា សម្រាប់អ្នកបង្កើតមាតិកា ដើម្បីផ្តល់ចំណូល និងប្រាក់ចំណេញ៕