តម្លៃភាគហ៊ុនដាំក្បាលចុះ តែ តម្លៃប្រេងកើនឡើង ខណៈពូទីន ចេញការព្រមានលើអ៊ុយក្រែន
- 2022-02-24 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃភាគហ៊ុនដាំក្បាលចុះ តែ តម្លៃប្រេងកើនឡើង ខណៈពូទីន ចេញការព្រមានលើអ៊ុយក្រែន
ចន្លោះមិនឃើញ
ភាគហ៊ុនពិភពលោក និងមូលបត្រសហរដ្ឋអាមេរិក បានដាំក្បាលចុះ នៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលតម្លៃប្រាក់ដុល្លារ មាស និងតម្លៃប្រេង បានកើតឡើងយ៉ាងគំហុក ក្រោយពីកងយោធារបស់រុស្ស៊ី បានធ្វើដំណើរទៅដល់ទីក្រុងនានារបស់អ៊ុយក្រែន នៅតំបន់ទន្លេខ្មៅ ហើយប្រទេសអ៊ុយក្រែន បានបញ្ជាក់ថា ទីក្រុងម៉ូស្គូ បានចាប់ផ្តើមធ្វើការឈ្លានពានយ៉ាងពេញទំហឹង។
កងយោធារុស្ស៊ី បានធ្វើដំណើរទៅដល់ទីកំពង់ផែ Odessa នៅទន្លេខ្មៅរបស់អ៊ុយក្រែន និងកំពង់ផែ Mariupol ស្ថិតនៅភាគខាងកើតនៃទ្រុងអ៊ុយក្រែន Donetsk ហើយ។ នេះបើយោងទៅតាមភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ី។
ស្របពេលជាមួយគ្នានេះ ទីបញ្ជាការនានា និងទីក្រុង Kyiv និង Kharkiv របស់អ៊ុយក្រែន បានរងនូវការវាយប្រហារដោយការបាញ់គ្រាប់មីស៊ីល។ នេះបើងយោងទៅតាមគេហទំព័រ Ukrainska Pravda ដែលបានបង្ហើបពីប្រភពពីមន្ត្រីម្នាក់នៃក្រសួងមហាផ្ទៃរបស់អ៊ុយក្រែន។
ការវាយប្រហារនានា បានកើតឡើង ក្រោយពីការបញ្ចញការព្រមានធ្ងន់ៗពីប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ។
លោកពូទីន បានអំពាវនាវឲ្យទាហានអ៊ុយក្រែន ទម្លាក់អាវុធភ្លាមៗ និងត្រឡប់ទៅផ្ទះវិញ ហើយលកបានបញ្ជាក់ថា ការទទួលខុសត្រូវចំពោះការបង្ហូរឈាមណាមួយ នឹងត្រូវធ្លាក់ទៅលើមនសិការ «របស់របបអ៊ុយក្រែន»។ នេះបើយោងទៅតាមពាក្យសម្តីដកស្រង់ដែលត្រូវបានចេញផ្សាយដោយភ្នាក់ងារព័ត៌មានអ៊ុយក្រែន។
លោកពូទីន ក៏បានបញ្ជាឲ្យមានប្រតិបត្តិការយោធាពិសេស នៅក្នុងតំបន់ Donbass របស់អ៊ុយក្រែន ផងដែរ។
សំឡេងផ្ទុះជាច្រើន ត្រូវបានគេឮក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែន នៅមុនពេលព្រឹកព្រលឹមស្រាង ក្រោយពីមានសំឡេងបាញ់កាំភ្លើងធំជាបន្តបន្ទាប់ បន្ទាប់ពីរុស្ស៊ីបានប្រកាសពីប្រតិបត្តិការយោធាពិសេសរបស់ខ្លួន៕