DMC និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD បានចុះកិច្ចព្រមព្រៀងដើម្បីពង្រឹងសមត្ថភាពនិស្សិត លើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងសុខភាព

  • 2022-04-29 11:13:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជធានីភ្នំពេញ, ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ – ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយនឹង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ក្នុងគោលបំណងដើម្បីគាំទ្រដល់សកម្មភាពអនុវត្តគម្រោងរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ ដើម្បីពង្រីកសមត្ថភាពរបស់និស្សិតលើជំនាញផលិតពហុមាតិកាផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងជំនាញទំនាក់ទំនងបែបឌីជីថល ក្រោមប្រធានបទ “ការលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងជំងឺមហារីក”

សកម្មភាពគម្រោងសំខាន់ៗនៃកិច្ចសហការនេះ រួមមានការរៀបចំយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមប្រព័ន្ធឌីជីថល ការផលិតផ្ទាំងផ្សព្វផ្សាយឌីជីថល ការផលិតវីឌីអូអប់រំខ្លីៗ និងការផលិតភាពយន្តខ្នាតខ្លីជាដើម។

លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានលើកឡើងថា៖ «ការចុះអនុស្សរណៈរួមគ្នានេះគឺមានសុពលភាពរយៈពេល៦ខែ ដែលនឹងអនុវត្តផ្ទាល់ដោយនិស្សិតឆ្នាំទី៣ និងក្រុមនិស្សិត DMC Media Team របស់ដេប៉ាតឺម៉ង់ បន្ទាប់ពីពួកគេបានសិក្សាអំពីទ្រឹស្តីក៏ដូចជាបច្ចេកទេសសម្រាប់ថ្នាក់ជំនាញផលិតវីដេអូ ជំនាញថតរូប ជំនាញរចនាប្លង់និងក្រាហ្វិក និងជំនាញទំនាក់ទំនង។» លោកបានបន្ថែមទៀតថា៖ «ការគាំទ្រពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia នេះមានសារៈសំខាន់ណាស់ ក្នុងការផ្ដល់ឱកាសដល់និស្សិតក្នុងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្ដែង ក្នុងន័យលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើរបស់និស្សិត DMC ផ្ទាល់។ ក្រៅតែពីការអនុវត្តជំនាញផលិតពហុមាតិកាផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងជំនាញទំនាក់ទំនងបែបឌីជីថល ក្រុមនិស្សិតក៏នឹងមានឱកាសសិក្សាស្វែងយល់បន្ថែមទៀតលើប្រធានបទទាក់ទងនឹងការលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងជំងឺមហារីក បន្ថែមលើអ្វីដែលពួកគេបានសិក្សា។»

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «កិច្ចសហការរវាងក្រុមហ៊ុន FWD Cambodia និងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍គឺជាការបោះជំហានទៅមុខដ៏សំខាន់មួយរបស់យើងក្នុងការជួយលើកកម្ពស់ការយល់ដឹងជាសាធារណៈផ្នែកហិរញ្ញវត្ថុ និងជំងឺមហារីក តាមរយៈខ្លឹមសារដ៏សម្បូរបែបប្រកបដោយការច្នៃប្រឌិតរបស់និស្សិត។ ខ្ញុំមានសុទិដ្ឋិនិយមថាកិច្ចសហការនេះនឹងរួមចំណែកជួយឱ្យយុវជនក៏ដូចជាក្រុមគ្រួសារជាច្រើនក្នុងប្រទេសកម្ពុជាអាចរស់នៅបានដោយភាពរីករាយតាមរយៈការចេះរៀបចំផែនការហិរញ្ញវត្ថុត្រឹមត្រូវ និងការថែទាំសុខភាពឱ្យបានល្អជាពិសេសដើម្បការពារពីជំងឺមហារីក។»

គួរបញ្ជាក់ផងដែរថា ការចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើងនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia សមាជិកនៃគណៈគ្រប់គ្រងរបស់ FWD Cambodia រួមទាំងសាស្រ្តាចារ្យនិងនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ផងដែរ៕

អត្ថបទថ្មី