ធនាគារ ស្ថាបនា ផ្តល់ជូនសេវាធនាគារឱ្យកាន់តែមានភាពងាយស្រួលតាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី

  • 2022-05-10 02:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា និងលោក អ៊ាប បូណារ៉ូ នាយកប្រតិបត្តិពាណិជ្ជកម្មរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលរៀបចំធ្វើឡើងនៅអគារ ស្ថាបនា ក្នុងរាជធានីភ្នំពេញ។

ការចុះកិច្ចព្រមព្រៀងនេះ នឹងផ្តល់ជូននូវសេវាដកប្រាក់ទូទាំងប្រទេស ដែលអតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី និងអតិថិជនរបស់ធនាគារ ស្ថាបនា អាចផ្ទេរប្រាក់ពីកម្មវិធីទូរស័ព្ទដៃ និងធនាគារចល័តរបស់ខ្លួនទៅកាន់បងប្អូន និងក្រុមគ្រួសារ ដោយអាចធ្វើការដកប្រាក់ពីភ្នាក់ងារទ្រូម៉ាន់នី ឬ ពីម៉ាស៊ីនអេធីអឹម (ATM) របស់ធនាគារ ស្ថាបនា នៅទូទាំងប្រទេស។

អតិថិជនរបស់ធនាគារ ស្ថាបនា ដែលប្រើប្រាស់សេវាថ្មីមួយនេះ អាចដកប្រាក់នៅតាមភ្នាក់ងារ ទ្រូម៉ាន់នី ដោយប្រើប្រាស់ស្ថាបនា ម៉ូបាល ហើយដូចគ្នានេះដែរ អតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏អាចដកប្រាក់បានពីម៉ាស៊ីន ATM របស់ធនាគារ ស្ថាបនា បានផងដែរ។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការសហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវភាពងាយស្រួលបន្ថែមទៀតសម្រាប់សេវាធនាគារប្រចាំថ្ងៃ។ តាមរយៈកិច្ចសហការនេះ អតិថិជនរបស់យើងនឹងមានភាពងាយស្រួល និងមានលទ្ធភាពកាន់តែប្រសើរជាងមុនក្នុងការប្រើប្រាស់សេវាដកប្រាក់ តាមរយៈវត្តមានដ៏ទូលំទូលាយរបស់ក្រុមហ៊ុន TrueMoney នៅក្នុងប្រទេសកម្ពុជា»។

លោក អ៊ាប បូណារ៉ូ នាយកប្រតិបត្តិពាណិជ្ជកម្មរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា៖ «យើងតែងតែស្វែងរកមធ្យោបាយផ្សេងៗដើម្បីផ្តល់ជូនសេវាកម្មបន្ថែមទៀតដល់អតិថិជនរបស់ ទ្រូម៉ាន់នី។ យើងជឿជាក់ថា ភាពជាដៃគូរបស់យើងជាមួយធនាគារ ស្ថាបនា នឹងពិតជាផ្តល់ភាពងាយស្រួលសម្រាប់សេវាហិរញ្ញវត្ថុ និងការទូទាត់ដល់អតិថិជនរបស់យើងទាំងពីរ»។

ការផ្តល់ជូននូវសេវាថ្មីនេះ នឹងដាក់ឱ្យដំណើរការក្នុងខែមិថុនាខាងមុខនេះ និងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ ស្ថាបនា និងអតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ធ្វើការទូទាត់ប្រាក់បានភ្លាមៗតាមរយៈការប្រើប្រាស់ប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា។ លើសពីនេះ អតិថិជនដែលប្រើប្រាស់សេវាថ្មីមួយនេះក៏អាចដកប្រាក់បានយ៉ាងងាយស្រួលផងដែរដោយប្រើប្រាស់លេខទូរស័ព្ទរបស់អ្នកផ្ញើ និងអ្នកទទួល៕

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect, Western Union, ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀត ដូចជា៖ វីង, ផាយផេ, ទ្រូម៉ាន់នី, លី ហួរ វេលុយ, អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនCharoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍យ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

អត្ថបទថ្មី