ធនាគារ កាណាឌីយ៉ា សហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីពង្រីកសេវាកម្មដកប្រាក់កាន់តែទូលំទូលាយ

  • 2022-05-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២៖ ធនាគារ កាណាឌីយ៉ា កំពុងសហការគ្នាជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្តល់សេវាដកប្រាក់ សម្រាប់អតិថិជននៅទូទាំងប្រទេស។

កិច្ចសហការថ្មីនេះធ្វើឡើងក្នុងគោលបំណងធ្វើឱ្យការដកប្រាក់ កាន់តែងាយស្រួលសម្រាប់អតិថិជនរបស់ធនាគារ កាណាឌីយ៉ា។ ឥឡូវនេះ អតិថិជនរបស់ធនាគារ កាណាឌីយ៉ា អាចផ្ទេរប្រាក់ដោយផ្ទាល់ពីកម្មវិធីធនាគារចល័តរបស់ខ្លួនទៅកាន់បងប្អូនក្រុមគ្រួសារ និងមិត្តភក្តិ ក្រោយមក ពួកគេអាចដកសាច់ប្រាក់តាមភ្នាក់ងារទ្រូម៉ាន់នីនៅទូទាំងប្រទេស។ ដើម្បីដកប្រាក់នៅតាមភ្នាក់ងារទ្រូម៉ាន់នី អតិថិជនត្រូវប្រើប្រាស់លេខកូដដកប្រាក់ (Cash Pickup Code)។

កិច្ចព្រមព្រៀងចុងក្រោយបំផុតរវាងធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ទ្រូម៉ាន់នី ចូលជាធរមាននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរនៅការិយាល័យកណ្តាលរបស់ធនាគារ កាណាឌីយ៉ា។

លោក Raymond Sia Say Guan នាយកប្រតិបត្តិធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា៖ «វាជាកិត្តិយសដ៏ធំមួយដែលយើងអាចពង្រីកវិសាលភាព និងសេវាកម្មរបស់យើងជាមួយស្ថាប័នហិរញ្ញវត្ថុដ៏ល្បីឈ្មោះដូចជា ក្រុមហ៊ុន ទ្រូម៉ាន់នី។ កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជនរបស់ធនាគារ កាណាឌីយ៉ា និងអតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី តាមរយៈការបង្កើនលទ្ធភាព និងពង្រឹងសេវាកម្មហិរញ្ញវត្ថុឲ្យកាន់តែប្រសើរ»។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្រ្តនៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា៖ «យើងតែងតែស្វែងរកមធ្យោបាយនានា ដើម្បីបង្កើតទំនាក់ទំនងដ៏ស្អិតរមួតជាមួយធនាគារដែលគួរឱ្យទុកចិត្តឈានមុខគេបែបនេះ ដើម្បីផ្តល់សេវាកម្មបន្ថែមទៀតដល់អតិថិជនរបស់ ទ្រូម៉ាន់នី។ កិច្ចព្រមព្រៀងនេះជាឧទាហរណ៍មួយទៀតដែលបង្ហាញពីរបៀបដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុអាចទទួលបានអត្ថប្រយោជន៍ពីការចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត»។

សេវាកម្មថ្មីនេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់យ៉ាងលឿន និងរហ័ស ដោយប្រើប្រាស់ប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា។

លើសពីនេះទៀត ភា្នក់ងារទ្រូម៉ាន់នី ដែលជាអតិថិជនរបស់ធនាគារ កាណាឌីយ៉ា ឬចង់ក្លាយជាអតិថិជនថ្មីរបស់ធនាគារ កាណាឌីយ៉ា អាចទទួលបានអត្ថប្រយោជន៍ពីសេវាគ្រប់គ្រងសាច់ប្រាក់ (ដាក់ប្រាក់ ឬដកប្រាក់)។ ពួកគេអាចដាក់ប្រាក់ ឬដកប្រាក់ និងគ្រប់គ្រងលំហូរសាច់ប្រាក់យ៉ាងងាយស្រួលផងដែរ៕

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនCharoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍យ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

អំពីធនាគារ កាណាឌីយ៉ា ភីអិលស៊ី

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជក្នុងស្រុក ដែលផ្តល់សេវាកម្មពេញលេញឈានមុខគេមួយក្នុងប្រទេសកម្ពុជាចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩១មក។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ដោយ និងទទួលបានពានរង្វាន់ពី The Asian Banker ថាជា «ធនាគារខ្លាំងបំផុតក្នុងប្រភេទតារាងតុល្យការក្នុងប្រទេសកម្ពុជា» រយៈពេល ៣ ឆ្នាំជាប់ៗគ្នាចុងក្រោយនេះ និងជា «ធនាគារល្អបំផុតក្នុងប្រទេសកម្ពុជា» ក្នុងឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៣ ម៉ាស៊ីនអេធីអឹមនិងស៊ីអអឹមចំនួន ៣៧២គ្រឿងនៅទូទាំងប្រទេស និងកម្មវិធីធនាគារចល័តដ៏ទំនើបដែលអតិថិជនមួយចំនួនធំកំពុងប្រើប្រាស់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់យើង៖ https://www.canadiabank.com.kh/ ឬទំព័រហ្វេសប៊ុក៖ https://web.facebook.com/CanadiaBankCambodia

អត្ថបទពេញនិយម
អត្ថបទថ្មី