បុគ្គលិកសម្ព័ន្ធ ព្រីនស៍ គ្រុប ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតរចនានិមិត្តសញ្ញាអាស៊ាន
- 2021-11-02 07:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គលិកសម្ព័ន្ធ ព្រីនស៍ គ្រុប ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតរចនានិមិត្តសញ្ញាអាស៊ាន
ចន្លោះមិនឃើញ
រាជធានីភ្នំពេញ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១៖ ព្រីនស៍ ហូលឌីង គ្រុប (ហៅកាត់ថា «ព្រីនស៍ គ្រុប») ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ពិតជាមានមោទកភាពដែល កញ្ញា ឈុត ចិន្តា ជាបុគ្គលិកសញ្ជាតិខ្មែរនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (Prince Real Estate ) បានទទួលនូវជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតរចនានិមិត្តសញ្ញានៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។ នេះគឺជាប្រកួតប្រជែងនេះ ដែលត្រូវបានរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជា (ហៅកាត់ថា MFAIC) ហើយកញ្ញាចិន្តាគឺជាបុគ្គលិកមួយរូប ក្នុងចំណោមបុគ្គលិកដែលបានចូលរួមចំនួន៤រូបរបស់ក្រុមហ៊ុនព្រីនស៍។
សម្រាប់ជ័យលាភីនេះ កញ្ញាចិន្តាបានទទួលនូវរង្វាន់ជាសាច់ប្រាក់ចំនួន១ពាន់ដុល្លារសហរដ្ឋអាមេរិក ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC)។ ដើម្បីទទួលស្គាល់ពីការខិតខំប្រឹងប្រែងនិងស្នាដៃរបស់គាត់ ថ្នាក់គ្រប់គ្រងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានសម្រេចផ្តល់ប្រាក់រង្វាន់បន្ថែមជូនដល់កញ្ញាចិន្តា នូវចំនួនដូចគ្នាទៅនឹងប្រាក់រង្វាន់ដែលក្រសួងបានផ្តល់ជូនគាត់ផងដែរ។ ចំណែកឯ អ្នកដែលបានចូលរួមចំនួនបីរូបផ្សេងទៀត ក៏បានទទួលបានរង្វាន់ជាការកោតសរសើរលើកទឹកចិត្តផងដែរ។
ចំពោះនិមិត្តសញ្ញាដែលទទួលជ័យលាភីត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) បានប្រកាសជាផ្លូវការនៅថ្ងៃទី ២៨ ខែតុលានេះ នៅពេលដែលកម្ពុជាធ្វើជានិមិត្តរូបនៃការកាន់តំណែងជាប្រធានអាស៊ានបន្តពីប្រទេសប្រ៊ុយណេជាផ្លូវការ។
អាស៊ាន ដែលមានឈ្មោះជាផ្លូវការហៅថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) គឺជាសហគមន៍សេដ្ឋកិច្ចដ៏លេចធ្លោ ដែលផ្តល់នូវអត្ថប្រយោជន៍ជូនដល់ប្រទេសដែលជាសមាជិកទាំងឡាយ។ កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំដែលនឹងប្រព្រឹត្តិទៅនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំក្រោយនេះ នឹងបង្ហាញពីចំណុចសំខាន់មួយក្នុងការស្តារឡើងវិញក្រោយពីវិបត្តិនៃជម្ងឺរាតត្បាត ខណៈកិច្ចប្រជុំនេះនឹងត្រូវបានសង្កេតមើលយ៉ាងយកចិត្តទុកដាក់ពីអន្តរជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗមកពីប្រទេសនានាជុំវិញពិភពលោក។
និមិត្តសញ្ញនេះនឹងក្លាយជារូបភាពតំណាងតែមួយគត់ក្នុងនាមកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយក៏នឹងក្លាយជាកេរ្តិ៍ដំណែលដ៏យូរអង្វែងក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងកំណត់ត្រាឯកសាររបស់អាស៊ានផងដែរ។
ការរចនានិមិត្តសញ្ញាដែលបានទទួលជ័យលាភីនេះបង្ហាញពី «ផ្កាឈូកចំនួន១០ស្រទាប់ដែលហ៊ុមព័ទ្ធទៅដោយរង្វង់ពណ៌មាសដែលមាននិមិត្តសញ្ញាអាស៊ាននៅចំកណ្តាល»។ កញ្ញាចិន្តាបានធ្វើការពន្យល់ថាគឺតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃប្រទេសជាសមាជិកអាស៊ានទាំង១០ ដែលធ្វើការឆ្ពោះទៅរកគោលដៅរួមគ្នា ក្នុងដំណើរស្វែងរកនូវសុខសន្តិភាពរបស់ពួកគេដើម្បីភាពរុងរឿង និងភាពសុខដុមរមនា។ ពណ៌នៃស្រទាប់ផ្កាឈូកទាំង១០គឺជាដកស្រង់ចេញពីពណ៌ទង់ជាតិរបស់ប្រទេសកម្ពុជា ដែលតំណាងឱ្យប្រទេសកម្ពុជា នឹងក្លាយជាប្រធានហើយក៏ជាប្រទេសម្ចាស់ផ្ទះអាស៊ាននាឆ្នាំ២០២២ផងដែរ។
សិ្ថតក្នុងវ័យ ២៩ ឆ្នាំ កញ្ញាចិន្តាបានចូលបម្រើការងារក្នុងក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(Prince Real Estate ) តាំងពីដើមឆ្នាំ២០២០ បានឱ្យដឹងថានៅពេលទំនេរគាត់ចូលចិត្តគូររូបលេង ហើយក្រោយមកក៏មានការជម្រុញឲ្យចូលរួមប្រកួតប្រជែងជាមួយមិត្តរួមការងារ ទើបក៏ដាក់ពាក្យចូលរួម។
ពេលនោះគាត់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងដោយនិមិត្តសញ្ញារបស់គាត់ទទួលបានជ័យជម្នះ ប៉ុន្តែគាត់ក៏បានរំពឹងថានិមិត្តសញ្ញានេះវាបង្ហាញពីក្តីសង្ឃឹមរបស់គាត់ថាប្រទេសអាស៊ានទាំង១០នឹងបន្តធ្វើការរួមគ្នាដើម្បីជម្នះបញ្ហាប្រឈម ដែលប្រជាជាតិនីមួយៗកំពុងជួបប្រទះ ហើយអាចសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអាស៊ានទាំងមូលផងដែរ។
លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុនព្រីនស៍គ្រុប យើងតែងតែរីករាយនៅពេលដែលឃើញបុគ្គលិករបស់យើងបានចូលរួមក្នុងការបង្កើតស្នាដៃថ្មីៗឱ្យកាន់តែទូលំទូលាយនៅក្នុងសហគមន៍ ហើយការរួមចំណែករបស់កញ្ញាចិន្តាគឺជាគំរូដ៏ល្អ សម្រាប់ផ្នត់គំនិតក្នុងនាមជាបុគ្គលិក ដែលអាចស្វះស្វែងរកភាពរកពានរង្វាន់សម្រាប់ស្ថាប័នខ្លួនបាន»។
លោកក៏បានបន្តទៀតថា៖ «ពួកយើងសង្ឃឹមយ៉ាងមុតមាំថានិមិត្តសញ្ញាដែលទទួលបានជ័យលាភីនេះ នឹងក្លាយជាមោទកភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ហើយក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក យើងនឹងបន្តទៀតជួយគាំទ្រដល់គំនិតផ្តួចផ្តើមក្នុងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២នេះ»។
គួរបញ្ញាក់ផងដែរថា ការធ្វើជាប្រធានអាស៊ាននេះត្រូវបានផ្លាស់ប្តូរគ្នាជារៀងរាល់ឆ្នាំដោយផ្អែកទៅលើលំដាប់អក្ខររបស់ប្រទេសដែលជាសមាជិកអាស៊ាននីមួយៗ។ កម្ពុជាបានចូលរួមក្នុងវេទិកាថ្នាក់តំបន់ក្នុងខែមេសាឆ្នាំ១៩៩៩ ហើយកម្ពុជាបានធ្វើជាប្រធានអាស៊ានលើកចុងក្រោយក្នុងឆ្នាំ២០១២។
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានធ្វើសកម្មភាពជាច្រើននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ដែលជាប្រធាននៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានបរិច្ចាគថវិការចំនួន១លានដុល្លារសហរដ្ឋអាមេរិក ជូនដល់រដ្ឋាភិបាលប្រទេសឡាវ ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់អាជ្ញាធរមូលដ្ឋានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
ថ្មីៗនេះសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏ត្រូវបានទទួលស្គាល់ដោយសហគ្រាសអាស៊ី (Enterprise Asia) ចំពោះភាពជាសហគ្រិនដែលមានទំនួលខុសត្រូវនៅក្នុងកម្មវិធីពានរង្វាន់សហគ្រាស ដែលមានទំនួលខុសត្រូវប្រចាំនៅតំបន់អាស៊ីឆ្នាំ២០២១ (AREA)ផងដែរ។ នេះជាពានរង្វាន់ទីប្រាំមួយហើយ ដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុបទទួលបាននៅក្នុងឆ្នាំនេះ ដោយសារតែក្រុមអ្នកវិនិច្ឆ័យថ្នាក់តំបន់ និងអន្តរជាតិបានទទួលស្គាល់ថា សម្ព័ន្ធនេះពិតជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធុរកិច្ចក្នុងតំបន់អាស៊ីក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងទូទាំងតំបន់អាស៊ានពិតប្រាកដមែន៕