អគ្គនាយកដ្ឋានពន្ធដារ អំពាវនាវឲ្យសហគ្រាសទាំងអស់ ទូទាត់បំណុលពន្ធ បើមិនអ៊ីចឹងប្រឈមនឹងការពិន័យ
- 2021-11-23 04:43:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គនាយកដ្ឋានពន្ធដារ អំពាវនាវឲ្យសហគ្រាសទាំងអស់ ទូទាត់បំណុលពន្ធ បើមិនអ៊ីចឹងប្រឈមនឹងការពិន័យ
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសអំពាវនាវឲ្យរាល់សហគ្រាសទាំងអស់ ធ្វើការទូទាត់បំណុលពន្ធរបស់ពួកគេ ដើម្បីចូលរួមចំណែកអភិវឌ្ឍជាតិលើគ្រប់វិស័យ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងករណីដែលខកខានមិនបានទូទាត់បំណុលពន្ធ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមរយៈការចេញផ្សាយឈ្មោះសហគ្រាស និងកម្មសិទ្ធិករនៅលើទំព័រព័ត៌មាន ព្រមទាំងបន្តអនុវត្តវិធានការតឹងទារបំណុលពន្ធ ដែលអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ។
កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថា សហគ្រាសភាគច្រើនបានចូលខ្លួនមកធ្វើការទូទាត់បំណុលប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់។
ប៉ុន្តែ នៅមានសហគ្រាសមួយចំនួនទៀតមិនបានចូលខ្លួនមកទូទាត់បំណុលពន្ធរបស់ខ្លួននៅឡើយទេ បើទោះបីនាយកដ្ឋានពន្ធដារបានចេញលិខិតអញ្ជើញសហគ្រាសទាំងនោះជាច្រើនលើកច្រើនសារដើម្បីជាការដាស់តឿន ក្រើនរំឭកឲ្យមកធ្វើការទូទាត់បំណុលពន្ធក៏ដោយ។
ក្នុងសេចក្តីប្រកាសដដែលកាលពីថ្ងៃម្សិលមិញ ក្នុងករណីដែលសហគ្រាសនៅតែមិនចូលខ្លួនទៅទូទាត់បំណុលពន្ធ សហគ្រាស ឬកម្មសិទ្ធិករនោះ នឹងប្រឈមមុខនឹងការបញ្ឈប់ប្រតិបត្តិការនាំចេញ-នាំចូល បញ្ឈប់ ឬផ្អាសកម្មភាពអាជីវកម្ម ឃាត់ទុកគណនីក្រុមហ៊ុន ឬម្ចាស់ភាគហ៊ុន ឃាត់ទុកការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬចលនទ្រព្យ ឃាត់ទុកការចុះបញ្ជីក្រុមហ៊ុនថ្មី និងផ្ទេរភាគហ៊ុន មោឃៈភាពនូវលិខិតអនុញ្ញាត និងអជ្ញាបណ្ណានានា នាំខ្លួនអ្នកជាប់ពន្ធ មកទូទាត់បំណុល ឃុំគ្រង ឬរឹបអូសទ្រព្យសម្បតិ្ត និងដំណើរការនីតិវិធីទៅស្ថាប័នតុលាការ៕